1 Thessalonians 5

1បងប្អូនអើយ! ​ចំពោះពេលវេលានិងពេលកំណត់​ខ្ញុំ​មិនចាំបាច់សរសរ​ប្រាប់​អ្នករាល់គ្នាទេ 2ដ្បិតអ្នករាល់គ្នា​ដឹងច្បាស់ហើយថាថ្ងៃ​នៃ​ព្រះអម្ចាស់​នឹង​មក​ដល់​ដូច​ជាចោរ​មក​នៅ​ពេល​យប់ 3កាលណាគេ​និយាយថា​មាន​សន្ដិភាព​ហើយ​មាន​សន្ដិសុខ​ហើយ​ពេលនោះ​សេចក្ដី​វិនាស​នឹង​កើតឡើង​ចំពោះ​គេមួយរំពេច​ប្រៀប​ដូចជាស្ដ្រី​មាន​ផ្ទៃពោះឈឺចាប់ហៀបនឹងសម្រាល​កូន​ហើយគេចមិនរួចឡើយ 4រីឯអ្នករាល់គ្នាវិញបងប្អូនអើយ! ​អ្នករាល់គ្នា​មិនមែននៅក្នុង​សេចក្ដី​ងងឹត​ដែល​ឲ្យថ្ងៃនោះ​មក​ដល់​អ្នករាល់គ្នា​ដូច​ជាចោរឡើយ 5ព្រោះអ្នករាល់គ្នាជាកូន​នៃ​ពន្លឺនិង​ជា​កូន​នៃ​ថ្ងៃ។ ​យើង​មិនមែនជា​ពួក​នៃ​សេចក្ដី​ងងឹតយប់ឡើយ 6ដូច្នេះយើង​មិន​ត្រូវ​ដេកលក់ដូចជាអ្នកឯទៀតឡើយគឺ​យើង​ត្រូវ​ប្រុងស្មារតីហើយដឹងខ្លួន​ជានិច្ច។ 7ដ្បិតអ្នកដេក​គេ​ដេក​នៅពេល​យប់ហើយអ្នកស្រវឹង​ក៏​ស្រវឹងនៅពេលយប់​ដែរ 8ប៉ុន្ដែយើងជា​ពួក​នៃ​ថ្ងៃ​យើង​ត្រូវ​ដឹងខ្លួន​ទាំង​ពាក់ជំនឿនិង​សេចក្ដី​ស្រលាញ់​ជា​អាវក្រោះព្រមទាំង​យក​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ​ជា​មួក 9ពីព្រោះព្រះជាម្ចាស់មិន​បាន​តម្រូវយើងទុកសម្រាប់​សេចក្ដី​ក្រោធទេគឺសម្រាប់ទទួល​សេចក្ដី​សង្គ្រោះវិញតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​នៃ​យើង 10ព្រះអង្គបាន​សោយទិវង្គតជំនួសយើងដើម្បី​ឲ្យ​យើង​មានជីវិតជាមួយព្រះអង្គទោះបី​យើង​ដឹងខ្លួនដេកលក់ក៏ដោយ 11ដូច្នេះចូរ​កម្សាន្ដចិត្ដគ្នាហើយស្អាង​គ្នា​ទៅវិញទៅមក​ដូច​ដែល​អ្នករាល់គ្នា​កំពុង​ធ្វើស្រាប់ 12ប៉ុន្ដែបងប្អូនអើយ! ​យើង​សូមអង្វរអ្នករាល់គ្នា​ចូរ​គោរព​អស់​អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នាទាំងដឹកនាំអ្នករាល់គ្នាក្នុងព្រះអម្ចាស់និងដាស់តឿនអ្នករាល់គ្នា 13រួចចូរ​ឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុតដោយ​សេចក្ដី​ស្រលាញ់ព្រោះតែកិច្ចការ​របស់​ពួកគេ។ ​ចូរ​រស់នៅ​ដោយ​សុខសាន្តជាមួយគ្នា​ចុះ។ 14បងប្អូនអើយ! ​យើង​សូម​ដាស់តឿនអ្នករាល់គ្នា​ថា​ចូរ​ព្រមាន​អស់​អ្នក​ដែល​គ្មាន​សណ្ដាប់ធ្នាប់​ចូរ​លើកទឹកចិត្ដ​អស់​អ្នក​ដែលបាក់ទឹកចិត្ត​ចូរ​ជួយទ្រទ្រង់​អស់​អ្នកដែលខ្សោយ​និង​មាន​ចិត្តអត់ធ្មត់ចំពោះ​មនុស្ស​ទាំងអស់ 15ចូរប្រយ័ត្នកុំ​ឲ្យ​នរណាម្នាក់​ប្រព្រឹត្ដ​អំពើ​អាក្រក់តបស្នង​អំពើ​អាក្រក់ឡើយផ្ទុយទៅវិញ​ចូរ​ខំធ្វើ​អំពើ​ល្អដល់គ្នាជានិច្ចនិងដល់​មនុស្ស​ទាំងអស់ 16ចូរអរសប្បាយជានិច្ច! 17ចូរអធិស្ឋានឥតឈប់ឈរ! 18ចូរអរព្រះគុណ​ព្រះជាម្ចាស់​ក្នុងគ្រប់​ការ​ទាំងអស់ដ្បិតនេះជាបំណង​របស់​ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា​ដែល​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 19កុំពន្លត់ព្រះវិញ្ញាណ 20កុំមើលងាយ​ការ​ថ្លែងព្រះបន្ទូល 21ប៉ុន្ដែចូរ​ពិសោធគ្រប់​ការ​ទាំងអស់​ហើយ​ប្រព្រឹត្ដ​អ្វី​ដែលល្អយ៉ាងខ្ជាប់ខ្ជួន 22ចូរចៀសវាង​សេចក្ដី​អាក្រក់គ្រប់បែបយ៉ាង 23សូមព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្តញែកអ្នករាល់គ្នា​ជា​បរិសុទ្ធទាំងស្រុងហើយរក្សាព្រលឹងវិញ្ញាណនិងរូបកាយ​របស់​អ្នករាល់គ្នាឲ្យឥតបន្ទោសបានរហូតដល់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​នៃ​យើងយាងមក 24ព្រះអង្គដែល​បាន​ត្រាស់ហៅអ្នករាល់គ្នា​ព្រះអង្គ​ស្មោះត្រង់​ហើយ​ព្រះអង្គ​នឹង​សម្រេច​ការ​នោះមិនខាន 25បងប្អូនអើយ! ​សូម​អធិស្ឋានសម្រាប់យើងផង 26ចូរជម្រាប​សួរ​បងប្អូនទាំងអស់ដោយការថើបបរិសុទ្ធចុះ 27ខ្ញុំបង្គាប់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ថា​សូម​អានសំបុត្រនេះឲ្យ​ពួក​បងប្អូនទាំងអស់​ស្ដាប់​ផង។ 28សូមឲ្យ​អ្នករាល់គ្នា​បាន​ប្រកបដោយ​ព្រះ​គុណ​របស់​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង​៕
Copyright information for KhmKCB